ទស្សនៈព្រឹត្តិការណ៍នយោបាយខ្មែរ
ពុធ 02 មករា 2013
ដោយ ប៉ែន បូណា
ការគិតគូរតែប្រយោជន៍ខ្លួនឯង ហើយមិនអើពើនឹងប្រយោជន៍សាធារណៈឬប្រយោជន៍អ្នកដទៃគឺជានិន្នាការដែលកំពុងកើតឡើង និងហាក់ដូចជាកំពុងមានសន្ទុះគួរឲ្យកត់សម្គាល់ក្នុងសង្គមសម្ភារៈនិយមបច្ចុប្បន្ន។ ជាទូទៅ ទ្រព្យសម្បត្តិសាធារណៈមិនសូវទទួលបានការថែទាំនិងការពារដូចទ្រព្យសម្បត្តិឯកជនឡើយ។ គឺគំនិតអាត្មានិយមនេះហើយដែលធ្វើឲ្យអាជីវកម្មឬសហគ្រាសដែលគ្រប់គ្រងដោយរដ្ឋច្រើនតែដួលរលំ។
ទីបំផុត ការលក់ឬផ្ទេរសិទ្ធិឲ្យក្រុមហ៊ុនឯកជនគ្រប់គ្រងគឺជាជម្រើសចុងក្រោយ។ នៅក្នុងទិដ្ឋភាពមួយទៀត ប្រធានស្ថាប័ន ឬមេធំៗដែលមានលទ្ធភាពអាចរកប្រាក់បាន គិតតែរកប្រយោជន៍ផ្ទាល់ខ្លួនដោយមិនរវីរវល់ដល់ជីវភាពអ្នកធ្វើការនៅក្រោមបង្គាប់ឡើយ។ អ្នកប្រកបវិជ្ជាជីវៈមួយចំនួនសំឡឹងឃើញប្រាក់ជាធំ ហើយសុខចិត្តបំភ្លេចក្រមសីលធម៌និង អំពើមនុស្សធម៌នានា។
នៅក្នុងវិស័យឯកជនវិញ អ្នកមានលុយគិតតែបង្កើនឱកាសប្រមូលប្រាក់តាមគ្រប់មធ្យោបាយដែលអាចធ្វើបានដោយមិនសូវគិតគូរពីជីវភាពរបស់បុគ្គលិកកម្មករ ឬផលប៉ះពាល់នៃអាជីវកម្មរបស់ខ្លួនទៅលើអ្នកក្រីក្រឡើយ។ ប្រាក់ខែបុគ្គលិកទាប ជម្លោះដីធ្លីក្នុងគម្រោងអភិវឌ្ឍន៍ ផលប៉ះពាល់បរិស្ថានដែលកើតចេញពីអាជីវកម្មមួយចំនួន រហូតដល់ការប្រើថ្នាំគីមីក្នុងចំណីអាហារបន្លែ ផ្លែឈើ ជាដើម ដែលកំពុងកើតឡើងយ៉ាងពេញបន្ទុកក្នុងសង្គមបច្ចុប្បន្នគឺជាផលវិបាកដ៏ជាក់ស្តែងបំផុតដែលកើតចេញពីគំនិតអាត្មានិយមនេះឯង។
ងាកទៅមើលបុគ្គលិកកម្មករនៅក្នុងវិស័យសាធារណៈ ក៏ដូចជាវិស័យឯកជនដែរ ជាទូទៅ ពួកគេក៏មិនសូវជាមានគំនិតជួយសន្សំសំចៃដើម្បីផលប្រយោជន៍របស់ក្រុមហ៊ុនឬស្ថាប័នដែលខ្លួនបម្រើការនោះដែរ។ ការប្រើប្រាស់ទឹកភ្លើងក៏ដូចជារបស់របរប្រើប្រាស់ផ្សេងៗដែលជារបស់រួមដែរជាទូទៅមិនសូវជាមានការយកចិត្តទុកដាក់សន្សំសំចៃឬថែទាំឡើយពីព្រោះតែម្នាក់ៗច្រើនតែគិតថា នោះគឺជាលុយរបស់រដ្ឋឬរបស់ថៅកែដែលពួកគេមិនចាំបាច់ខ្វល់។
ប្រសិទ្ធភាពការងារក៏មិនសូវជាមានដែរប្រសិនបើគ្មានអ្នកចាំត្រួតពិនិត្យជាប្រចាំទេនោះ។ ឥរិយាបថមិនទទួលខុសត្រូវជារឿងមួយ ប៉ុន្តែ ជំងឺអាត្មានិយមគឺជាបញ្ហាដ៏ធំធេងមួយទៀត។
ក្រឡេកមើលទៅទីសាធារណៈវិញ សំរាម ឬកាកសំណល់ផ្សេងៗត្រូវគេបោះចោលពាសវាលពាសកាលពីព្រោះតែទីនោះមិនមែនជាផ្ទះរបស់ខ្លួន។ កៅអីបង់សម្រាប់អង្គុយ អំពូលភ្លើងនៅតាមសួនច្បារ ឬតាមដងផ្លូវសាធារណៈច្រើនតែបែកបាក់ឬបាត់បង់ព្រោះតែគ្មានការថែទាំនិងការការពារ។ ទាំងនេះគឺជាផលវិបាកដែលកើតចេញពីគំនិតអាត្មានិយមនេះឯង។
ជាការពិតណាស់ សង្គមមួយអាចស្គាល់ការរីកចម្រើននិងស្គាល់ភាពស៊ីវិល័យទៅបានទាល់តែមនុស្សនៅក្នុងសង្គមនោះចេះតម្កល់ផលប្រយោជន៍សាធារណៈជាធំឬយ៉ាងហោចណាស់ក៏ត្រូវចាត់ទុកទ្រព្យសម្បត្តិសាធារណៈ ឬក៏ទ្រព្យសម្បត្តិអ្នកដទៃឲ្យដូចជារបស់ខ្លួនឯងអ៊ីចឹងដែរ។ មិនត្រឹមតែអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែ មនុស្សក្នុងសង្គមគួរតែចេះគិតគូរដល់សុខទុក្ខគ្នាទៅវិញទៅមកឲ្យបានច្រើនពោលគឺត្រូវចែករម្លែកគ្នារស់ ដោយមិនដណ្តើមគ្នារស់ និងរស់ដោយគិតតែខ្លួនឯងនោះឡើយ។
ក៏ប៉ុន្តែ និន្នាការសង្គមកម្ពុជាបច្ចុប្បន្នហាក់ដូចជាកំពុងដើរបញ្ច្រាសទិសនេះទៅវិញ។ មនុស្សកាន់តែច្រើនឡើងៗហាក់ដូចកំពុងឆ្លងជំងឺអាត្មានិយមដ៏គ្រោះថ្នាក់។ គ្រោះថ្នាក់ពីព្រោះថា ជំងឺនេះ ប្រសិនបើវាចាក់ឫសកាន់តែរឹងមាំនៅក្នុងសង្គមហើយនោះ វានឹងធ្វើឲ្យមនុស្សម្នាក់ៗគិតតែពីប្រយោជន៍ផ្ទាល់ខ្លួនដោយមិនខ្វល់ខ្វាយពីសុខទុក្ខអ្នកដទៃឡើយ។ ជាក់ស្តែង អំពើពុករលួយ ការកេងប្រវ័ញ្ចមនុស្សគ្នាឯង ភាពលោភលន់គ្មានព្រំដែន រហូតដល់អំពើហិង្សានានាមួយចំនួនផង សុទ្ធសឹងជាលទ្ធផលនៃគំនិតអាត្មានិយមទាំងអស់។
ដូច្នេះ ពលរដ្ឋខ្មែរគួរតែនាំគ្នាព្យាបាលជំងឺនេះឲ្យបានឆាប់ តាមរយៈការបណ្តុះគំនិតគិតគូរផលប្រយោជន៍រួម និងគោរពប្រយោជន៍អ្នកដទៃឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ ចូរកុំភ្លេចថា ជំងឺអាត្មានិយមនឹងនាំសង្គមឲ្យធ្លាក់ទឹកនៅថ្ងៃណាមួយជាមិនខាន៕
Comment
សួស្តី អាន... អរគុណ...តែសូមជួយពន្យល់ឃ្លានេះផង៖ សង្គមប្តូរនិស្ស័យ...? មានន័យយ៉ាងណាខ្លះដែរ?! អរគុណទុកជាមុន...
Comment by KCnet on January 2, 2013 at 4:34pm សង្គមខ្មែរគួរតែកែប្រែពាក្យ..ថា សង្គមអភិវឌ្ឍន៏ទៅជា=សង្គមប្តូរនិស្ស័យ,,
អរគុណ
© 2013 Created by KC Admin.
You need to be a member of Khmercity.net : Online Khmer Community to add comments!
Join Khmercity.net : Online Khmer Community